Pages

Wednesday, March 28, 2012

ការសិក្សាចំនេះដឹងសតិបញ្ញា




បុគ្គលដែលមិនព្រមប្រើសតិបញ្ញាឲ្យសមគួរទៅតាមឳកាស
គឺជាមនុស្សរឹងរុស។ បុគ្គលដែលមិនចេះប្រើសតិបញ្ញាគឺជា
មនុស្សល្ងង់ខ្លៅ។ បុគ្គលដែលមិនហ៊ានប្រើសតិបញ្ញាគឺជា
ទាសករ។
…………………………………………………ផ្លាតុង
មាសគឺជាវត្ថុដែលបុថុជនឃើញថាជារបស់មានតម្លៃលើសលន់ តែបើនាំយកមាសមកធៀប
ជាមួយនឹងកែវមុក្តាហើយនោះ មាសក៏ក្លាយជារបស់សាមញ្ញធម្មតា។
អ្នកប្រាជ្ញម្នាក់ពោលថា” អ្នកដែលមានភាពឆ្លៀវឆ្លាត អ្នកដែលមានសតិបញ្ញា គឺជាអ្នកដែល
មានបុណ្យវាសនា ព្រោះថាការមានសតិបញ្ញានោះរមែងឧត្តង្គឧត្តមជាងការមានទ្រព្យទាំង
ឡាយទាំងពួង មាសហើយនឹងកែវមុក្តាឯណានឹងស៊ូបានទៅ?”
សតិបញ្ញារមែងមិនប្រកូកប្រកាស់ប្រយោជន៏នៃការប្រើប្រាស់វាប្រាប់នរណា ដូច្នេះហើយ
មនុស្សល្ងង់ខ្លៅទើបមើលងាយសតិបញ្ញា បុថុជនទើបឈ្លក់វង្វេងសតិបញ្ញា មានតែមនុស្ស
ឆ្លាតប៉ុណ្ណោះដែលចេះប្រើប្រាស់វាឲ្យកើតជាប្រយោជន៍។
សតិបញ្ញាមានពីរប្រភេទ គឺ សតិបញ្ញាពិតនិងសតិបញ្ញាក្លែងក្លាយ។ សតិបញ្ញាពិត នាំមក
នូវប្រយោជន៍ដល់ពួងមនុស្ស សតិបញ្ញាក្លែងក្លាយនាំមកនូវទោសដល់ពួងមនុស្ស។
បើយើងចង់បានជោគជ័យ លក្ខ័ណ្ឌប្រការបឋមគឺ យើងត្រូវស្វែងរកសតិបញ្ញាពិតប្រាកដ
ឲ្យបាន។
ការងារផ្សេងៗ កើតចេញពីខួរក្បាលដែលចេះគិតរបស់យើង
ហើយខួរក្បាលដែលចេះគិតរបស់យើងកើតចេញពីចំនេះដឹង។
…………………………………………………………..(ចៀងខៃឆេក)
ពួកយើងធ្វើការងារដោយមានគោលបំណងគឺ សាងសេចក្តីចំរើនគង់វង់ដល់ប្រទេសជាតិនិង
ប្រជាជន។ យើងធ្វើការក៏ដើម្បីរចនាសង្គម បើនឹងធ្វើការឲ្យបានល្អយើងត្រូវមានចំណេះដឹង។
ចំណេះដឹង ទើបជារបស់សំខាន់ខ្លាំងក្នុងការជួយជាតិជួយសង្គម។ យើងស្វែងរកចំណេះដឹង
មិនមែនដើម្បីលាភយសការសរសើ តែដើម្បីគុណធម៌និងប្រយោជន៍សុខរបស់ពួងជន។
ប្រាជ្ញម្នាក់ពោលថា ចំណេះដឹងជារបស់ដែលត្រូវសន្សឹមៗ សន្សំតាមលំដាប់លំដោយ ហើយ
ត្រូវសន្សំដោយប្រើរយៈពេលយូរនិងជាបន្តបន្ទាប់ មិនមែនជារបស់ដែលធ្វើពេលនោះហើយ
ឃើញផលភ្លាមក្នុងពេលនោះ ដូច្នេះទើបត្រូវអាស្រ័យសេចក្តីមានៈព្យាយាម អាស្រ័យដួងចិត្ត
ដែលមានភាពពុះពារឧស្សាហ៍ទើបជួបប្រទះនូវផលសម្រេចបាន។
ភារកិច្ចធំដុំទាំងឡាយទាំងពួង សុទ្ធតែមិនមែនបានជោគជ័យព្រោះកម្លាំងនោះទេ តែដល់
គោលដៅបានព្រោះឧត្តមការដ៏មុះមុតពិតប្រាកដ។
ឧត្តមការដ៏មុតមាំកើតពីកម្លាំងចិត្តដ៏រឹងមាំហើយនឹងការសម្រេចចិត្តដែលដាច់ខាតមិនរង្គោះ
រង្គើ ត្រូវមានចិត្តដែលមិនខ្លាចសេចក្តីទុកលំបាក ហ៊ានប្រឈមមុខ ហ៊ានតស៊ូ ហ៊ានយកឈ្នះ។
ជីវិតរបស់មនុស្សយើងនេះសែនខ្លីណាស់ ទើបគួរក្តោប
ឳកាសធ្វើការសិក្សាឲ្យល្អបំផុតកុំបណ្តោយពេលវេលាឲ្យ
កន្លងផុតទៅយ៉ាងឥតប្រយោជន៍។
…………………………………………………….(ចុងធើង)
បើនឹងនិយាយថាជីវិតក្នុងវ័យរៀនជាកំឡុងពេលវេលាដែលមានសេចក្តីសុខបំផុតក៏ប្រហែល
ជាមិនខុសណាស់ ហើយបើទោះបីជីវិតនឹងបានទទួលបាននូវភាពជោគជ័យរឺក៏អត់ក៏អាស្រ័យ
លើវ័យមាសនេះឯង នឹងប្រើពេលវេលាដ៏មានតម្លៃកំឡុងពេលនេះឲ្យកើតប្រយោជន៍ដល់ខ្លួន
ឯងបានច្រើនបំផុតដូចម្តេចខ្លះ? រឿងនេះអាស្រ័យលើថ្វីដៃការគ្រប់គ្រងពេលវេលារបស់យើង
ខ្លួនឯង។
ពេលវេលារបស់សិស្សសាលាមិនដូចពេលវេលារបស់មនុស្សទូទៅទេ ហេតុអ្វីបានជានិយាយ
ដូច្នេះ? ក៏ព្រោះថាសិស្សសាលាភាគច្រើនទៅរៀនសូត្រនៅទីស្ថានសិក្សា លះបង់ពេលវេលា
ទាំងអស់ឲ្យដល់ការសិក្សាយ៉ាងពេញទំហឹង ដែលជាសំណាងល្អជាងមនុស្សទូទៅ។ លៀង
ស៊ឺឈិវ ជាអ្នកសិក្សារៀនសូត្រដែលមានកេរ្តិ៍ឈ្មោះរបស់ចិនពោលថា “ ពេលដែលរៀនអក្សរ
នៅសាលារៀន ជីវិតពិតជាគួរឲ្យឥច្ឆាណាស់ មិនបាច់ព្រួយបារម្ភរឿងអ្វីទាំងអស់ ពេលវេលា
ក៏ជារបស់ខ្លួនឯងទាំងអស់ តែមានតិចគ្នាណាស់ដែលចេះក្តោបក្តាប់ឳកាសមាសនេះទុក ភាគ
ច្រើនតែងប្រើពេលវេលាយ៉ាងខ្ជះខ្ជាយ គួរឲ្យស្តាយខ្លាំងណាស់” ។
មនុស្សតែងតែដូច្នេះឯង មានរបស់ល្អនៅជាមួយខ្លួនតែមិនចេះរក្សាទុកដាក់ ជាពិសេស សភាព
បរិដ្ឋានដែលល្អ មានសេចក្តីសុខតែត្រឡប់មិនដឹងថាសុខ។ បើយើងមិនចេះរក្សាពេលវេលាក្នុង
វ័យរៀន ពេលថ្ងៃខែកន្លងផុតទៅហើយ នឹងមកអង្គុយកើតវិប្បដិសារីក៏គ្មានអ្វីអាចជួយបាន
ឡើយ។
ការសិក្សានឹងបានផលក៏លុះណាតែមានបណិធាន
មានចំណេះដឹង មានភាពឧស្សាហ៍ព្យាយាម។
………………………………………..(ជើងកួហ្វាន)
ពេលអានសៀវភៅយើងត្រូវប្រើភ្នែកមើល ខួរគិត មាត់អាន ដៃសរសេរ ធ្វើដូច្នេះរាល់ថ្ងៃទើបធ្វើ
ឲ្យកើតចំណេះដឹងជ្រាលជ្រៅ។
វិទ្យាការជាកំណប់រតនសម្បត្តិដ៏ធំធេងបំផុតរបស់មនុស្ស ការសិក្សាជួយឲ្យមនុស្សយើងមានចិត្ត
ខ្ពង់ខ្ពស់ វាចាល្អ ប្រព្រឹត្តល្អ ធ្វើឲ្យជីវិតមានគុណតម្លៃមានន័យច្រើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ
ការសិក្សាអាចជួយសាងជាតិសាងសង្គម ប្រទេសជាតិនឹងចម្រើនរុងរឿងបើប្រជាជនមានចំណេះ
ដឹងល្អ មានការសិក្សាខ្ពស់ ព្រោះហេតុនេះ ទើបមិនគួរខ្ជះខ្ជាយពេលវេលាទៅដោយឥត
ប្រយោជន៍គួរក្តាប់ពេលវេលាឲ្យណែន តាំងចិត្តសិក្សារៀនសូត្រ។ ការបណ្តាក់ទុនផ្នែកការសិក្សា
ជាការដាក់ទុនដែលស្តុកស្តម្ភបំផុតរបស់មនុស្ស។
អ្នកក្រអាចមានទ្រព្យស្តុកស្តម្ភព្រោះមានវិជ្ជា
សេដ្ឋីឧត្តង្គឧត្តមខ្ពង់ខ្ពស់ព្រោះមានចំណេះដឹង។
……………………………………………………….(អ៊ីមិង)
ចំណេះដឹងធ្វើឲ្យយើងអង់អាច។ សៀវភៅគឺឃ្លាំងនៃចំណេះដឹង។ ការបានសៀវភៅល្អមួយក្បាល
មកអានប្រដូចបានជួបមហាមិត្តអ្នកប្រាថ្នាល្អ ដែលបណ្តាលប្រយោជន៍ដល់យើងអស់មួយជីវិត។
សៀវភៅគឺអាហារបញ្ញា បើបានអានសៀវភៅជាប្រចាំ ចិត្តគំនិតនឹងស្តុកស្តម្ភ តែបើមិនព្រមអាន
សៀវភៅសោះ ទុកជាមានទ្រព្យសម្បត្តិរាប់ពាន់លាន ចិត្តគំនិតក៏នៅតែក្រីក្រក្រៀមក្រោះ។
មនុស្សដែលមិនមានប្រាក់ បើស្រឡាញ់ការអានសៀវភៅ ក៏នឹងរួចរំដោះពីកិលេសតណ្ហា ជីវិត
ទើបមានន័យ។ អ្នកមានដែលស្រឡាញ់ការអានសៀវភៅ នឹងស្តុកស្តម្ភទាំងទ្រព្យានិងបញ្ញា ទើប
មើលទៅឧត្តុង្គឧត្តមសមជាមនុស្សអម្បូរខ្ពស់។
មានមនុស្សជាច្រើននិយាយថា គ្មានពេលអានសៀវភៅ។ អ្នកក្រតែងរអ៊ូថាត្រូវធ្វើការរកស៊ីពីព្រឹក
ទល់ល្ងាច នឹងយកពេលឯណាមកអានសៀវភៅ។ អ្នកមានមិនបាច់សស្រាក់សស្រាំធ្វើការរកស៊ី
តែក៏រអ៊ូថាត្រូវទៅចូលសង្គម មិនមានពេលអានសៀវភៅ។ ការពិតហើយនោះបើយើងឃើញ
សេចក្តីសំខាន់របស់ការអានសៀវភៅ ហើយឃើញថាការអានសៀវភៅជាសេចក្តីសុខម្យ៉ាង
មិនមែនជារឿងលំបាកលំបិនអ្វីឡើយ នោះយើងនឹងអាចឆ្លៀតពេលវេលាចូលរកសៀវភៅ
ទាល់តែបាន។
សិក្សាដោយមិនគិតនឹងវង្វេងវង្វាន់ខុសផ្លូវ
គិតដោយប្រាសចាកការសិក្សា នឹងអន្តរាយ។
……………………………………………..(ខុងជឺ)
ការសិក្សានិងការគិតមានសេចក្តីសំខាន់ចំពោះមនុស្សយើងខ្លាំងណាស់ អ្នកខ្លះអាចឃើញថា
ការសិក្សាសំខាន់ជាងការគិត ក្នុងខណៈដែលអ្នកខ្លះឃើញថាការគិតអាចសំខាន់ជាងការសិក្សា
តែការពិតនោះ ទាំងពីរយ៉ាងនេះជារបស់គូនឹងគ្នា ជួយគាំទ្រគ្នាទៅវិញទៅមក នឹងខ្វះណាមួយ
មិនបានឡើយ។
ហេតុអ្វីបានស្តីដូច្នេះ? ក៏សាកគិតមើលទៅ បើមនុស្សម្នាក់ពឺតតែពីឈ្ងោកមុខសិក្សាសូត្ររៀន
ដោយមិនប្រើខួរគិត តម្រាថាដូចម្តេចក៏ទទួលយកមកទាំងដុំ សភាពរបស់គេតើនៅមានអ្វីផ្សេង
ពីខួររបស់មនុស្សយន្តទៅ? ក្រៅពីនេះដោយសារគេផ្ទុកចំណេះដឹងសន្ធឹកសន្ធាប់ តែមិនអាចនាំ
យកមកច្នៃ” ប្រើជាមួយនឹងជីវិតពិតបាន” ចំណេះដឹងដូច្នេះក៏គ្រាន់តែជាទ្រឹស្តីដែលគ្មាន
ប្រយោជន៍អ្វី ទន្ទឹមនឹងនេះបើមនុស្សម្នាក់ឈ្ងោកមុខគិតតែម្យ៉ាងដោយមិនព្រមចុះដៃសិក្សា
ស្រាវជ្រាវ គំនិតរបស់គេអាចខុសឆ្គងមិនត្រឹមត្រូវក្លាយជាមនុស្សស្មុគស្មាញដែលបិទទ្វារឃាំង
ខ្លួនឯងទុកក្នុងបន្ទប់ងងឹត។ បូរាណពោលថា “ គិតខុសតែបន្តិច ធ្វើខុសរាប់យោជន៍”
ព្រោះហេតុនេះ ទើបយើងមិនគួរគិតដោយមិនព្រមសិក្សាស្រាវជ្រាវ។
ជីវិតជារបស់ដែលធម្មជាតិប្រទានឲ្យ តែជីវិតដែលស្រស់
ត្រកាល សតិបញ្ញាជាអ្នកប្រសិទ្ធប្រសាទឲ្យ។
…………………………………………………………..(ភាសិតក្រិច)
មនុស្សយើងជ្រើសរើសកើតមិនបាន តែជ្រើសរើសធ្វើបាន។ មនុស្សដែលមានកំណើតតូចទាប
បើចេះប្រើជីវិត ក៏អាចមានជីវិតដែលស្រស់ត្រកាលនឹងមានសេចក្តីសុខ។ មនុស្សដែលមាន
កំណើតខ្ពង់ខ្ពស់ បើមិនចេះប្រើជីវិត របស់របរដែលមាននៅក៏មិនអាចសាងសេចក្តីសុខឲ្យដល់
ជីវិតបាន។
មនុស្សដែលមានចិត្តបម្រើប្រជាជន ឃើញប្រយោជន៍រួមជាងប្រុយោជន៍ផ្ទាល់ខ្លួន តែងមានចិត្ត
គំនិតទូលំទូលាយ មានសុទិដ្ឋិនិយម មានទស្សនគតិល្អ ចេះដំណើរជីវិតដោយសតិបញ្ញា ជីវិត
ទើបជួបតែសេចក្តីសុខក្សេមក្សាន្ត។
មនុស្សដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្តជ្រកនៅតែក្នុងលោកចង្អៀតៗ របស់ខ្លួនឯង
ច្រើនតែមានទុទិដ្ឋិនិយម ប្រើអារម្មណ៍ច្រើនជាងហេតុផល ជីវិតទើបជួបតែសេចក្តីទុក្ខក្រៀមក្រំ។
សិក្សារៀនសូត្រ កុំភ្លេចជួយជាតិ នឹងជួយជាតិក៏កុំភ្លេច
សិក្សារៀនសូត្រឲ្យខ្ពង់ខ្ពស់។
……………………………………………………….(ឆៃយួនផើយ)
យើងម្នាក់ៗ ជ្រាបយ៉ាងច្បាស់ថា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កងទ័ព និងវិទ្យាសាស្រ្ត
នឹងអភិវឌ្ឍលូតលាស់ទាន់សម័យបាន ក៏លុះត្រាតែវិទ្យាការជាន់ខ្ពស់ចូលជួយ។ គោលដៅក្នុង
ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សក៏គឺ ត្រូវសិក្សាគុណធម៌ក្នុងភាពជាមនុស្ស ទន្ទឹមគ្នានេះ
ក៏ត្រូវសិក្សារៀនសូត្រវិជ្ជាការចំណេះដឹងដើម្បីបាននាំចំណេះដឹងទាំងនោះមកជួយអភិវឌ្ឍ
ប្រទេសជាតិឲ្យរីកចម្រើនរុងរឿងប្រសើរឡើង។
សង្គមក្នុងយុគបច្ចុប្បន្នកំពុងឈានមុខឆ្ពោះភាពទាន់សម័យ ក្នុងឋានៈជាសមាជិកម្នាក់របស់
សង្គម យើងត្រូវតែរែកពុនភារៈតួនាទីដ៏ធំធេងនេះ យើងនឹងរវល់តែខូចពេលវេលាជាមួយនឹង
កិច្ចកម្មដែលឥតប្រយោជន៍មិនបានឡើយ ថែមទាំងមិនគួរបណ្តោយជីវិតឲ្យកន្លងទៅមួយថ្ងៃៗ
តាមសប្បាយ ត្រូវប្រើពេលវេលាគ្រប់នាទីឲ្យកើតប្រយោជន៍ច្រើនបំផុត។ ជីវិតដែលធ្វើការ
រចនាច្នៃប្រឌិត ជីវិតដែលមានភារៈតួនាទី ជីវិតដែលឈានទៅខាងមុខយ៉ាងក្លាហាន គឺជាជីវិត
ដែលមានតម្លៃមានន័យ។
បេនចាមិន ហ្វ្រែងឃ្លិន ធ្លាប់ពោលទុកថា “ បើមនុស្សម្នាក់គិតគម្រោងការល្អៗ បានតាំងពីដំបូង
តមកគេក៏លះបង់ពេលវេលាពេញទំហឹងធ្វើការងារនោះយ៉ាងយកចិត្តទុកដាក់ មិនចាប់ការងារ
ផ្សេងនិងមិនដើរលេងឡេះឡោះ ការធ្វើដូច្នេះ ទោះបីជាគេជាមនុស្សមានសមត្ថភាពកណ្តាលៗ
ប៉ុណ្ណោះ តែនៅទីបំផុត គេក៏អាចជោគជ័យសម្រេចលទ្ធផលក្នុងការងារដ៏ធំធេងបាន” ។
ពិតមែនហើយ មិនថាធ្វើអ្វីទេ បើធ្វើពិតប្រាកដ មិនបោះបង់ចោលកណ្តាលទី មានៈព្យាយាម
ឲ្យដល់ទីបំផុត ជ័យជំនះក៏នឹងជារបស់យើ់ងជាក់ជាមិនខាន។

No comments:

Post a Comment